12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការការ​ពារ​សិទ្ធិមនុស្ស​អាមេរិក​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ធំ​ៗ​ថ្កោលទោស​ការ​គំរាម​កំហែង​លើ​អង្គការ​សង់​ត្រាល់


រូបភាពដកស្រង់ពីគេហទំព័ររបស់មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ (Web Screenshot)
រូបភាពដកស្រង់ពីគេហទំព័ររបស់មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ (Web Screenshot)
ភ្នំពេញ — 

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ បាន​អំពាវនាវ​ឱ្យ​ក្រុម​ហ៊ុន​ម៉ាក​ល្បី​ៗ​សាកល​លោក​ និង​អ្នកពាក់ព័ន្ធ​ក្នុង​ឧស្សា​ហកម្ម​កាត់​ដេ​រដែល​ផ្តល់​តម្លៃ​លើ​ការ​គោរព​សិទ្ធិការងារ​ ចេញ​មុខ​ការពារ​សុច្ចរិត​ភាព​នៃ​ប្រតិបត្តិការ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​សិទ្ធិការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់ថា​ អង្គការ​សង់​ត្រាល់​ (Central)។

អង្គការ​សង់​ត្រាល់​ទើបតែបាន​ចេញ​របាយ​ការណ៍​មួយ​ស្តីពី​ស្ថានភាព​កម្មករ​ និង​សហជីពក្នុង​រោងចក្រ​ចំនួន​១៤​។​ របាយ​ការណ៍នោះ​ បង្ក​ឱ្យ​មានការ​រិះគន់​ពី​សហជីព​មួយ​ចំនួន ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា​មាន​និន្នាការ​ស្រប​តាមរដ្ឋា​ភិបាល​ ហើយ​សហជីព​ទាំង​នោះ​បានចោទ​ប្រកាន់​ថា​ របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ពីស្ថានភាព​ជាក់​ស្តែង​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​។

បើ​តាម​សេចក្តីថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃទី​២ ខែកក្កដា​ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា​ សហជីព​ដែល សម្របខ្លួន​នឹង​រដ្ឋាភិបាល​កម្ពុជា​ កំពុង​យាយី​ និង​គំរាម​កំហែង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អង្គការ​សង់​ត្រាល់ និង​ថ្នាក់​ដឹកនាំ​របស់​ខ្លួ​ន បន្ទាប់​ពីការ​ចេញ​របាយ​ការណ៍​របស់​អង្គការ​នេះ​ស្តីពី​ការ​រំលោភ​សេរី​ភាព​ចងក្រង​សមាគម​នៅ​ប្រទេស​កម្ពុជា​។

របាយ​ការណ៍​របស់​អង្គការ​សង់​ត្រាល់​ត្រូវបាន​ចេញផ្សាយ​ ជាមួយ​ដៃគូមក​ពី​គម្រោងរោង​ចក្រ​កាន់តែ​ប្រសើរ​កម្ពុជា (BFC)​ ដែល​ជា​ផ្នែក​មួយនៃ​កម្មវិធី​ការងារ​កាន់​តែល្អ​ជាង​មុនរបស់​អង្គការ​អន្តរជាតិ​ខាង​ការ​ងារ​ ដែល​មាន​ប្រតិបត្តិការ​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​១៣​ ក្នុង​នោះ​មាន​កម្ពុជា​ផងដែរ។ នេះ​បើតាមសេច​ក្តី​ថ្លែង​ការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​។

នាយិកា​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អ្នកស្រី​ Bryony Lau ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​ និង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លើ​អង្គការ​សង់​ត្រាល់​ចំពោះ​ការ​ធ្វើ​ការ​លើបញ្ហាសេរីភាព​នៃការ​ចងក្រង​សមាគម​សម្រាប់​កម្មករ​ និង​សហជីព ​គំរាម​កំហែង​មិន​ត្រឹម​តែ​ចំពោះ​សិទ្ធិ​ការ​ងារ​ទេ​ តែចំពោះ​រាល់របាយការណ៍​ដែល​មាន​លក្ខណៈ​រិះគន់​ដោយ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​»។

អ្នក​ស្រី​បាន​សង្កត់​ធ្ងន់​ថា​ អង្គការ​ ILO ​គម្រោងរោង​ចក្រ​កាន់​តែ​ប្រសើរ​កម្ពុជា​ ហើយ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ពឹង​ផ្អែក​លើ​របាយ​ការណ៍​របស់​អង្គការ​សង់​ត្រាល់​គួរ​ថ្កោល​ទោស​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​ដើម្បី​បង្អាក់​ដំណើរ​ការងារ​របស់​ពួក​គេ​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ទៀតថា​ អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO)​ ក្រុមហ៊ុន​លក់​ផលិត​ផលល្បី​ៗ​ និង​ដៃ​គូផ្សេងទៀត​ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គម្រោងរោង​ចក្រ​កាន់​តែ​ប្រសើរ​កម្ពុជា​ដូច​ជា​ Adidas​ C&A Gap Inc. H&M Inditex and Nike គួរ​ទទូច​សុំឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​រាល់​ការ​ខិត​ខំដើម្បី​គំរាម​ ឬ ចាប់ពិរុទ្ធ​អង្គការ​សង់ត្រាល់ ​និង​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ ហើយ​ធ្វើ​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​អនុសាសន៍​របស់​របាយការណ៍​ដើម្បី​ពង្រឹង​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​កម្ពុជា​។

របាយការណ៍​របស់​អង្គ​ការ​សង់ត្រាល់​ បាន​រក​ឃើញ​ថា ក្នុងចំណោម​សហជីព​ចំនួន​១៤​ដែល​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​អំពីស្ថានភាព​សិទ្ធិ និង​សេរីភាពនោះ​ មាន​សហជីព​ចំនួន​១០​រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់ ​ការ​គំរាម​កំហែង ​ការ​បៀត​បៀន ​និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួក​គេ។ ​អង្គការ​សង់ត្រាល់​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់​កម្មករ​និយោជិត ​និង​សហជីព​។

ប្រធាន​សហភាព​សិទ្ធិ​កម្មករ​កម្ពុជា​លោក ​គឹម​ ចាន់​សំណាង ដែល​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ​ឱ្យ​ពិនិត្យ​លើ​សកម្មភាព និង​ប្រភព​ថវិការបស់​អង្គការ​សង់​ត្រាល់​នៅ​ជឿថា​ របាយការណ៍​របស់​អង្គការ​សង់​ត្រាល់​មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​ក្នុង​ឧស្សាកម្ម​កាត់​ដេរ​របស់​កម្ពុជា ហើយថា​ សហជីព​ដែល​មិន​ពេញ​ចិត្ត​នឹង​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ ​ជា​អង្គការ​វិជ្ជាជីវៈ​ ដែល​គ្មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​។​

លោក​ថ្លែង​ថា​៖ «​កន្លង​មក​ច្រើន​តែ​ចោទ​ អ្ហូ៎សហជីព​នេះ​គាំទ្រ​រដ្ឋាភិបាល​ សហជីព​នេះ​អ៊ីចេះ សហជីព​នោះ​អ៊ីចុះ ប្រើពាក្យ​ហ្នឹង​គឺអត់​សមរម្យ​តែ​ម្តង​។ ខ្ញុំអត់មាន​អីច្រើន​ទេ ខ្ញុំមាន​តែ​ប៉ុណ្ណឹង​សម្រាប់​ដើម្បី​បញ្ជាក់​ជូន​ទៅវិញ​ ចៀស​វាង​កុំឱ្យការ​ប្រើពាក្យ​ហ្នឹង​ វាមិន​សម​ហេតុ​សម​ផល​ វា​អត់​ត្រឹម​ត្រូវ​តាម​នីតិវិធីច្បាប់​ ហើយ​មួយ​ទៀត​ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ថា​គេ​មាន​យុទ្ធនាការ​ ឬមួយ​ជាស្អី​នោះ​ មិន​មែន​ទេ​ អានេះ គឺ​ជា​ទង្វើ​របស់​សង់​ត្រាល់​ ដែល​ធ្វើ​របាយការណ៍​មក​ វា​មិនឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ អានេះ​ ខ្ញុំ​សុំ​បញ្ជាក់​ប៉ុណ្ណឹង​ អ៊ីចឹង​ ខ្ញុំ​អត់​និយាយ​ច្រើន​ទេ​មាន​តែប៉ុណ្ណឹង»។

ជុំវិញ​ពាក្យ​បណ្តឹង​ទៅ​កាន់ក្រសួង​មហាផ្ទៃឱ្យ​ពិនិត្យ​សកម្មភាព​របស់​អង្គការ​សង់​ត្រាល់ នាយិកា​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អ្នកស្រី​ Bryony Lau​បាន​លើកឡើង​ថា ក្រសួង​មហាផ្ទៃ​គួរ​បញ្ជាក់​ឱ្យច្បាស់​ថា សេចក្តី​រាយការណ៍​អំពី​សេរីភាព​នៃ​ការ​ចង​ក្រង​សមាគម​ មិន​មែន​ជា​សកម្ម​ភាព​ខុស​ច្បាប់​ទេ​ ហើយ​ក៏​គ្មាន​មូល​ដ្ឋាន​សម្រាប់​ការ​ស៊ើ​បអង្កេត​សម្រាប់កា​រ​ដាក់​ទណ្ឌកម្ម​ចំពោះ​ប្រតិបត្តិការ​នៃ​អង្គការ​ការ​ពារសិទ្ធិ​ការងារ​នោះ​ដែរ​។

យ៉ាង​ណាក៏​ដោយ​ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការងារ​នៃ​អង្គការ​សង់​ត្រាល់​ លោក​ឃុន ថារ៉ូ​ ថ្លែង​ថា​ចំពោះ​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​ សង់​ត្រាល់ និង​ធ្វើការ​ឆ្លើយតប​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ ហើយ​គឺជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ និង​ សហការ​ក្នុង​ការ​ផ្តល់​ជូន​ព័ត៌មាន​ស្តី​ពី​កុង​ធានាគារ​ ប្រតិ​បត្តិ​ការងារ​ របស់​អង្គការ​សង់​ត្រាល់ ហើយ​ថា​សង់​ត្រាល់​មិន​ទទួល​ការ​បកស្រាយ​ទាំងឡាយ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​អង្គការ​ការពារ​សិទ្ធិ​ការងារ​មួយ​នេះ​។

លោក​ថ្លែង​ថា​៖ «យើង​ជំទាស់​ដាច់​ខាត​រាល់​ការ​ចុះ​ផ្សាយ​នានា​ដែល​មិន​មែ​នជា​ការ​ពិត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​សេចក្តី​ថ្លៃថ្នូរ​ កិត្តិយស ក្នុង​នាម​ជា​ស្ថាប័ន​នីតិបុគ្គល​ ដែល​បាន​ចូល​រួម​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ការ​ងារ​ និង​សិទ្ធិ​មនុស្ស​ប្រកប​ដោយ​វិជ្ជាជីវៈ​ លើក​កម្ពស់​តម្លាភាព​ គណនេយ្យ​ភាព​សង្គម​ ស្រប​តាម​លក្ខន្តិកៈ​ដែល​យើង​បាន​តម្កល់​នៅ​ក្រសួង​មហា​ផ្ទៃ​»​។

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក ទូច សុខៈ ប្រាប់​វីអូអេ​ថា តាម​មាត្រា១០​នៃ​ច្បាប់ស្តីពី​សមាគម​ និង​អង្គ​ការ​ក្រៅ​រដ្ឋាភិបាន​បាន​ចែងថា​ អង្គការ និង​សមាគម​ ត្រូវ​ផ្តល់​ព័ត៌មាន​ពាក់​ព័ន្ធ​គណនី​ធនាគារ ឬក៏​ក្រសួង​មហា​ផ្ទៃ​ស្នើឱ្យ​ផ្តល់​ព័ត៌​មាន​នោះទៅ​ដល់​ក្រសួងក្នុង​រយៈ​ពេល​៣០​ថ្ងៃ ហើយថា​ការ​អនុវត្ត​ច្បាប់​មិនមែន​ជាការគំរាម​កំហែង​ទេ​។

លោកថ្លែងថា៖ «ការ​ដែល​លើកឡើង​ឱ្យ​ក្រសួង​មហា​ផ្ទៃធ្វើ​បែប​នេះ​ធ្វើ​បែប​នោះ​ នោះ​បញ្ជាក់​អំពី​ការ​មក​ដាក់​សម្ពាធ​ឬ​ក៏​បង្ខិត​បង្ខំ​ឱ្យ​ស្ថាប័ន​រដ្ឋ​មួយ​ឱ្យ​ស្តាប់​បង្គាប់​យើង​ហើយ ដូច្នេះគឺ​យើង​មិនអាច​ធ្វើបែប​នោះ​បាន​ទេ​ក្នុង​ទិដ្ឋភាព​ច្បាប់​»។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខ្លួន​ថា​ អង្គការ​សង់​ត្រាល់ធ្លាប់​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​កាល​ពី​ពេល​មុន​ ប៉ុន្តែ​យុទ្ធនាការ​បង្កូច​កេរ្តិ៍​ឈ្មោះ​នៅ​ពេល​នេះ​គឺមាន​លក្ខណៈ​ប្លែក​ពិសេស​ជាងគេ​ ដោយ​វាហាក់​ដូច​ជា​ ការ​វាយ​ប្រហារ​ដែល​មាន​ការ​សម្រប​សម្រួល​ដើម្បីបង្ខំ​ឱ្យ​សង់ត្រាល់​ផ្លាស់​ប្តូរ​របាយការណ៍​ខ្លួន​ ឬ​ក៏រងហានិភ័យ​ប្រឈម​នឹង​វិធាន​ការ​ច្បាប់​ ឬ​ក៏​ត្រូវ​បិទ​ទ្វារ។

ដោយ​ឡែក​ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គកា​រ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​លោកអំ សំអាត​យល់​ថា ភាគី​រដ្ឋាភិបាល​ និង​ក្រុម​សហជីពគួរ​ផ្តើម​ឱꩵ្យមាន​ការ​សន្ទនា​ទៅ​លើ​របាយការណ៍​របស់​អង្គការ​សង់​ត្រាល់​ដែល​បាន​សហការ​ជាមួយ​សហជីព​ពីរ​ទៀតក្នុងការ​រៀបចំ​របាយការណ៍​នោះ ជា​ជាងការ​ប្តឹង​ផ្តល់ ​ឬ​ចោទ​ប្រកꦬាន់​គ្នា​ទៅ​វិញ​មក​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG