12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន ធ្វើ​ឲ្យ​វៀតណាម​ស្ថិត​ក្នុង​«ស្ថានភាព​លំបាក»


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតីវៀតណាមលោក To Lam ក្នុង​ជំនួប​មួយ​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ (Nhac Nguyen/Pool Photo via AP)
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតីវៀតណាមលោក To Lam ក្នុង​ជំនួប​មួយ​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ (Nhac Nguyen/Pool Photo via AP)
រដ្ឋធានីវ៉ាស៊ីនតោន —  ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី ​លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ​ទៅកាន់​ប្រទេស​វៀតណាម​បាន​ធ្វើ​ឱ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ ហើយ​ថែម​ទាំង​អាច​ត្រូវ​បាន​គេមើល​ឃើញ​ថា​ជា​ហានិភ័យ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ហាណូយ។ នេះ​បើ​យោង​តាម​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ដែល​បាន​និយាយ​ជាមួយ VOA ​កាលពី​ថ្ងៃចន្ទ​ ទី​១៧​ ខែ​មិថុនា។ លោក ពូទីន ​បាន​ទៅ​ដល់​ប្រទេស​វៀតណាម ​កាលពី​ថ្ងៃព្រហស្បតិ៍​ ទី​ ២០ ​ខែ​មិថុនា​ បន្ទាប់ពី​ធ្វើដំណើររយៈ​ពេល​ ២ ​ថ្ងៃ​ ទៅកាន់​ប្រទេស​កូរ៉េ​ខាងជើង។ យន្តហោះ​របស់​លោក​បាន​ចុះចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ហាណូយ ​ហើយ​ត្រូវបាន​ទទួល​ស្វាគមន៍​ដោយ​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម ​លោក Tran Hong Ha ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ លោក Alexander Vuving ជា​សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​សិក្សា​សន្តិសុខ​អាស៊ី-ប៉ាស៊ី ហ្វិក​ Daniel K. Inouye នៅ​ទីក្រុង Honolulu និយាយ​ថា៖ «ការធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​លោក ពូទីន​ ក្នុង​ដំណើរ​រួមគ្នា​ដែល​លោក​បាន​ទៅ​កូរ៉េ​ខាងជើង ​គឺជា​មាន​លក្ខណៈ​អាក្រក់​សម្រាប់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ហើយ​នឹង​នាំមក​នូវ​ហានិភ័យ​មួយ​ចំនួន។ ប្រការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​វៀតណាម​មិន​សូវ​ទទួល​បាន​ទំនុក​ចិត្ត​ក្នុង​ក្រសែភ្នែក​លោក​ខាងលិច ​ជប៉ុន ​និង​កូរ៉េ​ខាងត្បូង។ ប៉ុន្តែ​ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ក្រុង​ហាណូយ​នឹង​ទទួល​បាន​ការជឿ​ទុកចិត្ត​កាន់តែ​ច្រើន​នៅក្នុង​ក្រសែភ្នែក​របស់​រុស្ស៊ី»។ យោង​តាម​លោក Vuving ការភ្ជាប់​គ្នា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន​ ទៅកាន់​ប្រទេស​កូរ៉េ​ខាងជើង​និង​វៀតណាម​ភាគច្រើន​ស្ថិត​នៅ​លើ​កក្តា​ភស្តុភា​ក្នុង​ការរៀបចំ​ដំណើរ ព្រោះ​វា​សមហេតុ​ផល​ជាង​សម្រាប់​កម្មវិធី​ការងារ​របស់​លោក ពូទីន ​ក្នុង​ការទៅ​ប្រទេស​ទាំងនេះ​ក្នុង​ដំណើរ​តែ​មួយ​ជើង ជាជាង​ការធ្វើ​ដំណើរ​ពីរ​ជើងដាច់​ដោយ​ឡែក​ពីគ្នា។ លោក​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ការ​ពិត​ដែល​វៀតណាម​ដូច​ជា​កូរ៉េ​ខាង​ជើង​ជា​មិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី»។ លោក Nguyen Ngoc Truong អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អភិវឌ្ឍន៍​អន្តរជាតិ ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល ​នៅ​ទីក្រុង​ហាណូយ ​បាន​ចង្អុល​បង្ហាញ​ថា ​ថ្នាក់​ដឹកនាំ​វៀតណាម​ដឹងគុណ​ចំពោះ​ជំនួយ​ដែល​វៀតណាម​ទទួលបាន​ក្នុង​សង្គ្រាម​អតីតកាល​ពី​អតីត​សហភាព​សូវៀត។ ដូច្នេះ​ហើយ ​ពួកគេ​ចាត់ទុក​រុស្ស៊ី​ជា​ «មិត្ត​ប្រពៃណី​ និង​ជាទី​គោរព​ស្រឡាញ់​បំផុត»។ លោក Truong បាន​បន្ថែម​ថា៖ «ប្រជាជន​វៀតណាម​ ជាពិសេស​អ្នកដែល​យល់​អំពី​ភូមិ សាស្ត្រ​នយោបាយ​ មិន​អាច​បែរខ្នង​ដាក់​មិត្តភ័ក្តិ​របស់​ពួកគេ​បានដោយសារតែព្រឹត្តិ ការណ៍​នា​ពេល​ថ្មីៗ​នេះ​ទេ។ រុស្សី​បាន​ឈរ​ប្រកៀកស្មា​ជាមួយ​វៀតណាម​ក្នុង​គ្រា​ដ៏​ខ្មៅងងឹត​ និង​រីករាយ​បំផុត​ រួមទាំង​ការជួយ​អាវុធ​ផងដែរ»។ លោក Hoang Viet ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ច្បាប់​ទីក្រុង​ហូជីមិញ​ និង​ជា​អ្នក ជំនាញ​ជម្លោះ​អន្តរជាតិ​បាន​សង្កត់​ធ្ងន់​ថា ​វៀតណាម​«មិន​ចង់បាត់បង់​ទំនាក់​ទំនង​យូរ​អង្វែង​របស់​ខ្លួន»​ជាមួយ​រុស្ស៊ី​ ដែល​ជា​មហា​អំណាច​មួយ​កាន់កាប់​អាសនៈ​អចិន្ត្រៃយ៍​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។ លោត Viet បាន​កត់​សម្គាល់​ថា ​រុស្ស៊ី​មិន​ដែល​មាន​ទំនាស់ឬ​ជម្លោះ​ជាមួយ​វៀតណាម​ទេ។ លោក Viet បាន​ផ្តល់​ការសង្កេត​ថា៖ ​«ដោយសារ​ការដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ដ៏​ធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន ធ្វើ​ឱ្យ​វៀតណាម​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ ប៉ុន្តែ វៀតណាម​នៅតែ​ត្រូវ​រក្សា​ទំនាក់​ទំនង​របស់​ខ្លួន ​ពីព្រោះ​វិធី​គិត​របស់​វៀតណាម​គឺ​ពួកគេ​ត្រូវតែ​គោរព​មិត្តភាព​ជា​ប្រពៃណី»។ កាលពី​ប្រាំបួន​ខែ​មុន ​វៀតណាម​បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ហើយ​ក្នុង​ឱកាស​នោះ ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​របស់​ពួកគេ​ទៅជា​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ជ្រោយ​ ដូចគ្នានឹង​ទំនាក់​ទំនង​ដែល​វៀតណាម​មាន​អស់​រយៈ ពេល​ជាច្រើន​ឆ្នាំ​ជាមួយ​រុស្ស៊ី ​ចិន ​និង​ប្រទេស​មួយ​ចំនួន​ទៀត។ លោក Viet បាន​កត់សម្គាល់​ថា​ ខណៈពេល​ដែល​សហរដ្ឋ​អាមេរិក​ចាត់ទុក​វៀតណាម​ជា​តួអង្គ​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​ខ្លួន​ វៀតណាម​នៅតែ​ពឹងផ្អែក​ភាគ​ច្រើន​លើ​អាវុធ​រុស្ស៊ី​សម្រាប់​កម្លាំង​ការពារ​របស់​ខ្លួន។ ដូច្នេះ ​វៀតណាម​ត្រូវតែ​រក្សា​តុល្យភាព​ទំនាក់​ទំនង​របស់ខ្លួន​ជាមួយ​រុស្ស៊ី ​និង​អាមេរិក៕

ប្រែសម្រួល​ដោយ​លោក ម៉ែន គីមសេង

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG