12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ភាព​អឺរ៉ុប​ ​​​និង​បណ្តា​​ទូត​មួយ​ចំនួន​​ រិះគន់​ការ​ផ្តន្ទា​ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ


អង្គការ​អន្តរជាតិ Amnesty បង្ហោះរូប​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​បរិស្ថាន​មាតាធម្មជាតិ​ភ្លាមៗ។(Facebook/Amnesty International)
អង្គការ​អន្តរជាតិ Amnesty បង្ហោះរូប​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​សកម្មជន​បរិស្ថាន​មាតាធម្មជាតិ​ភ្លាមៗ។(Facebook/Amnesty International)
ភ្នំពេញ — 

ក្រោយ​ពី​មាន​ការ​ផ្តន្ទាទោស​យុវជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី៦​ឆ្នាំ ទៅ​៨ឆ្នាំ ​សហ​ភាព​អឺរ៉ុប​ និង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗប្រចាំ​នៅកម្ពុជា​មួយ​ចំនួន​ទៀត​ ដូចជា​ ​អង់គ្លេស​ ​អាមេរិក​ និង​អូស្រា្តលី​ ​និង​អង្គ​ការ​សង្គម​ស៊ីវិល​ដែលធ្វើការ​លើក​កម្ពស់​សិទ្ធិ​មនុស្សទាំង​ជាតិ​និង​អន្តរ​ជាតិ​ ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​ការ​កើន​ឡើង​នៃ​ការ​យាយី ​និង​ការ​ចាប់​ខ្លួន​អ្នក​ការពារ​ផល​ប្រយោជន៍​សង្គម​ និង​បរិស្ថាន​។

អង្គការ​សង្គម​ស៊ីវិល​ និង​បណ្តា​ប្រទេស​ទាំង​នោះ​ បាន​រិះគន់​ចំពោះ​ការផ្តន្ទា​ទោស​ក្រុម​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​បរិស្ថានថា ជា​រឿង​អ​យុត្តិ​ធម៌​ និង​ជារូបភាព​គំរាម​កំហែង ធ្វើ​ទុក្ខបុក​ម្នេញសកម្ម​ជន​ផ្សេង​ទៀត និង​បាន​ទាម​ទារ​ឱ្យ​ដោះ​លែង​សកម្ម​ជន​បរិស្ថានដោយ​ឥត​លក្ខ​ខណ្ឌ​ និង​បានអំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​ស្តង់​ដារ​ប្រជាធិប​តេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស ​រួម​ទាំង​សិទ្ធិ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិ​វិធី​ជាដើម​។ ​

ចំណែក​ លោក អាឡិច​ហ្សង់ដ្រូ ​ហ្គន់សា​ឡេស ដេវិត​សិន ​(Alex Gonzalez-Davidson) ​ស្ថាប​និក​អង្គការមាតា​ធម្មជាតិ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីកម្ពុជា​កាល​ពីឆ្នាំ​២០១៥​ចំពោះ​សកម្មភាព​ការពារ​បរិស្ថាន​របស់​លោក ​ខក​ចិត្ត​នឹង​សាល​ក្រម​មួយ​នេះ​។​ ​លោក​ថា​ការ​ផ្តន្ទាទោ​សនេះ គឺ​អយុត្តិ​ធម៌​ខ្លាំង​បំផុត​ និង​ជា​កំហុស​ដ៏​ធំមួយ ​ខណៈ​លោក​ក៍​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បានតុលាការ​ក្រុង​ភ្នំពេញ ​សម្រេចផ្តន្ទា​ទោស​ឱ្យជាប់​ពន្ធនាគារ​រយៈ​ពេល​៨​ឆ្នាំ ​និង​ពិន័យ​១០​លាន​រៀលក្នុង​សំណុះ​រឿង​«រួម​គំនិត​ក្បត់» ​និង​«ប្រមាថ​ព្រះ​មហា​ក្សត្រ»​។ ​

លោក ​អាឡិច​ហ្សង់​ដ្រូ ​ប្រាប់​វីអូអេ​ថា​៖ «​សាលក្រមនេះ គឺ​មហា​អយុត្តិ​ធម៌ ​ហើយខ្ញុំក៏​ចាត់​ទុក​សាល​ក្រម​នេះ​ជា​ឧក្រិដ្ឋ​កម្ម​ផងដែរ​។ ​ខ្ញុំដឹង​ហើយ​ថា ​មាន​ចៅក្រម ​មាន​ព្រះរាជ​អាជ្ញា មាន​តុលាការ​អី ប៉ុន្តែអ្វី​ដែល​ជារឿង​ពិត​ហ្នឹងគឺ​ ជា​ឧក្រិដ្ឋកម្ម​របស់​រដ្ឋ​អំណាច​ហ្មង។ ចាប់​សកម្ម​ជន​ ចាប់​យុវជន​គ្មាន​កំហុស​ដាក់​ពន្ធនាគារ​។ ហើយ​ដាក់​ក្នុង​ពន្ធនាគារ​យូរ​៦ឆ្នាំ ​៨​ឆ្នាំ​ផង​»​។

លោក​បន្ថែម​ថា​៖ ​«​ខ្ញុំថា ​ជា​កំហុស​ធ្ងន់​ធ្ងរ​ណាស់ ​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​កន្លង​មក​ហ្នឹង ​ចាប់​សកម្ម​ជន​មាតា​ធម្មជាតិ​ប៉ុន្មាន​ដង​?​ ហើយ​យុវជន​ចូលរួម​ជាមួយ​យើង ឬ​យុវជន​ក្លាយ​ទៅ​សកម្មជន​ខ្វល់​ខ្វាយ​ពី​សង្គម​កាន់​តែ​ច្រើន​ទៅៗ​។ អ៊ីចឹង​បើ​និយាយ​ពី​យុទ្ធ​សាស្ត្រ​ យុទ្ធសាស្ត្រ​ហ្នឹង​គឺខុស​ហើយ​។ ​ហើ​យលើកនេះ​ ខុស​ធ្ងន់ជាង​លើក​មុនទៀត ​ពីព្រោះ​ទាំង​ ភួន កែវរស្មី ទាំង​ ​តារាវុត​ ទាំង ​ថុន រដ្ឋា គឺ​មនុស្ស​ហៅ​ថា​គេស្គាល់​ច្រើន​ នៅ​ក្នុង​ស្រុកខ្មែរ​ក៏​គេ​ស្គាល់​ នៅក្រៅ​ប្រទេស​ក៏ស្គាល់»។

ក្នុង​សំណុះរឿង​នេះ​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បាន​ប្រកាស​សាល​ក្រម​កាលថ្ងៃ​អង្គារ​ ដោយ​បាន​ផ្ទន្ទា​ទោស​មនុស្ស​ចំនួន​៣​នាក់​ ​រួមមាន​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក ​អាឡិច ​លោក យឹម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ​ឱ្យជាប់​ពន្ធនាគារ​រយៈពេល៨ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ ពីបទ«​ប្រមាថ​ព្រះមហាក្សត្រ​ និង​រួម​គំនិត​ក្បត់​»។ ចំណែក​ លោក​ លី ចាន់ដារ៉ាវុត ​លោក ថុន រដ្ឋា​ កញ្ញា ​ឡុង គន្ធា ​កញ្ញា​ ភួន ​កែវ​រស្មី​ លោក​ ម៉ិញ​ ពិសិដ្ឋ​ កញ្ញា ​រ៉ី រក្សា ​លោក ​ពក ខឿយ ​ត្រូវ​បានចោទ​ពីបទ «រួម​គំនិត​ក្បត់​» ហើយ​តុលាការ​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ ​រយៈ​ពេល៦ឆ្នាំ​។

បន្ទាប់ពី​ប្រកាស​សាល​ក្រមភ្លាមៗ ​នៅ​ម៉ោង​១​០និង៤​០​នាទី​ព្រឹក យ៉ាង​ហោច​ណាស់​មនុស្ស​៤​នាក់ រួម​មាន​លោក​ លី ចាន់ដារ៉ាវុត ​លោក ថុន រដ្ឋា​ កញ្ញា ​ឡុង គន្ធា ​កញ្ញា​ ភួន ​កែវ​រស្មី​ ត្រូវ​បាន​កង​កម្លាំង​នគរ​បាល​ដែល​មាន​ទាំង​សម្លៀក​បំពាក់​ឯក​សណ្ឋាន​ ​និង​ស៊ីវិល​ ចាប់​ទាញ​អ្នក​ទាំង​នោះ​យ៉ាង​ហិង្សា​ ​រុញ​ចូល​ទៅ​ក្នុង​រថយន្ត​ ​ខណៈអ្នកគាំទ្រ​ជាច្រើន​ ​ស្រែក​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​។​ ដោយឡែក​ ​លោក យឹម លាង​ហ៊ី ​ដែល​មិន​មាន​វត្តមាន​នៅ​ក្រៅ​តុលាការ​ ក៏​ត្រូវបា​នចាប់​ខ្លួន​ផង​ដែរ ប៉ុន្តែ​មិនច្បាស់​ទីកន្លែង​ដែល​ចាប់ខ្លួន​នោះទេ។ នេះ​បើ​តាម​អង្គការ​លីកាដូ​។ ​

ក្រោយ​មាន​ព្រឹត្តិ​ការណ៍​នេះកើតឡើង​ ​សហភាព​អ៊ឺរ៉ុប ​បានបង្ហោះ​សារ​លើបណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី២ ​ខែ​កក្កដា​ ថា​៖ ​«​សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក រួម​មាន​បែល​ហ្ស៊ិក ដាណឺ​ម៉ាក បារាំង ​ហ្វាំង​ឡង់ អាល្លឺ​ម៉ង់ អៀរ​ឡង់ ហូឡង់​ និង​ស៊ុយ​អែត មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​យាយី និង​ការចាប់​ខ្លួនអ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​។​ សាល​ក្រម​ដែល​ត្រូវ​បាន​ប្រកាស​ពាក់​ព័ន្ធ​នឹង​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ​មាន​លក្ខណៈ​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ​យើង​សូម​អំពាវ​នាវ​ឱ្យ​មាន​ការ​គោរព​គោល​ការណ៍​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស ក៏ដូច​ជា​សិទ្ធិ​ក្នុងការ​សម្តែង​មតិ​ដោយ​អហិង្សា​ផងដែរ»។

ចំណែក​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ ជុំវិញ​ការ​ផ្តន្ទា​ទោស​សកម្មជន​មាតា​ធម្មជាតិ ​ចំនួន ១០​រូបនេះ​ផងដែរ។ នេះបើ​តាម​ការ​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ស្ថានទូត​ នាថ្ងៃ​ពុធនេះ។

​ស្ថានទូត​អាមេរិក​បន្ថែម​ថា៖ ​«សហរដ្ឋ​អាមេរិក នៅ​តែ​គាំ​ទ្រ​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ជា​មូល​ដ្ឋាន​ ដោយ​រួម​ទាំង​សេរីភាព​បញ្ចេញ​មតិ និង​ការ​ចង​ក្រង​ជា​ក្រុម​ ជា​សមាគម ដែល​ជាធាតុ​ផ្សំ​សំខាន់​នៃអភិបាល​កិច្ច​ប្រជាធិប​តេយ្យ​។ ​ជាធម្មតា យើង​នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ចំពោះ​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ ដើម្បី​ឱ្យ​ប្រទេស​មាន​ភាព​រុងរឿង​ ប្រជាធិប​តេយ្យ​ និង​ឯករាជ្យ​ជាង​នេះ​ ដែល​ក្នុង​នោះ ​សំឡេង​ទាំងអស់​ត្រូវបានគេ​ស្តាប់ និង​គោរព»​។

ក្រៅពីនោះ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) និង​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ (Amnesty International) បាន​រិះគន់​ថា​ ការ​សម្រេចរបស់​សាលា​ដំបូង​ដែល​ផ្តន្ទទោសសកម្មជន​មាតា​ធម្មជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​៦​ឆ្នាំ ​ទៅ​៨ឆ្នាំ​ គឺ​ជារឿងអ​យុត្តិ​ធម៌ និងជា​រូបភាព​គំរាម​កំហែង ធ្វើ​ទុក្ខបុក​ម្នេញ​សកម្មជន​ផ្សេងទៀត។

នាយិកា​រង​ផ្នែក​ស្រាវជ្រាវ​នៃអង្គការ​លើកលែង​ទោស​អន្តរជាតិ​(Amnesty International) អ្នក​ស្រី Montse Ferrer ​បញ្ចេញ​មតិតាមទំព័រហ្វេស​ប៊ុក​អង្គការ​នេះ​ កាល​ពីថ្ងៃ​អង្គារថា​៖​ «​សាល​ក្រម​ថ្ងៃ​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​មួយ​ទៀត​ដល់​សង្គម​ស៊ីវិល​កម្ពុជា​។ ​ចលនា​មាតា​ធម្មជាតិ គឺជា​ក្រុម​សកម្មជន​ដ៏​ល្បីមួយ​ដែល​តែង​លើក​យក​បញ្ហា​នៃ​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន ដែល​បង្ក​ឡើង​ដោយ​អំពើ​ពុក​រលួយ​ដ៏រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេសកម្ពុជា​។ អាជ្ញាធរ​កម្ពុជា​ត្រូវ​ដោះ​លែង​អ្នក​ការពារ​បរិស្ថាន​ទាំង​អស់​នេះ​ជា​បន្ទាន់ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ​»។ ​

​ចំណែក​អនុ​ប្រធាន​បេសក​កម្ម នៃ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក​ Marc Thayre លើក​ឡើង​ថា៖​«​ប្រជា​ពលរដ្ឋ​ទាំងអស់​គួរ​តែអាច​ចូលរួម​បញ្ចេញមតិ​ក្នុង​កិច្ច​ការ​ដែល​ប៉ះពាល់​ដល់​អនាគត​របស់​ពួកគេ​ ក្នុង​ស្ថាន​ភាព​ដោយ​មិនភ័យ​ខ្លាចការ​កាត់​ទោស​។ សេរីភាព​នៃការ​បញ្ចេញ​មតិត្រូវ​តែ​ទទួល​បានការ​ការពារ ប្រសិន​បើ​ប្រទេស​កម្ពុជា​ត្រូវបោះ​ជំហ៊ាន​ទៅ​ដំណាក់​កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​»​។ ​នេះបើ​តាម​សារ​ដែល​បង្ហោះលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ កាល​ពីថ្ងៃទី​២​ខែ​កក្កដា​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ​ប៉ែន បូណា ថ្លែង​ថា​ ការ​ផ្តន្ទា​ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ គឺ​មាន​តែស្ថាប័ន​តុលាការ ដែល​មាន​សិទ្ធិ​សម្រេច ដូច្នេះ​ការ​រិះគន់​ណាមួយ ​គួរតែ​បែង​ចែក​ឱ្យ​ច្បាស់​អំពី​សេរីភាព​បញ្ចេញមតិ ​ដែលមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ឬ​ក្នុងកតិកា​សញ្ញា និង​សេចក្តី​ប្រកាស​ជា​សកល​នានា ជាជាង​ប្រើ​មនោ​សញ្ចេត​នា​ដើម្បី​កាត់​សេចក្តី​។

លោក​ប្រាប់វីអូអេ​ថា៖ ​«​ខ្ញុំសូម​ឱ្យ​ភាគី​ពាក់ព័ន្ធ​ អ្នក​ដែល​ចេញ​សេចក្តី​ថ្លែង​ការណ៍​ហ្នឹង ​សូម​កុំ​ប្រើ​មនោ​សញ្ចេត​នា​ដើម្បីកាត់​សេចក្តី​ជំនួស​ឱ្យ​ស្ថាប័ន​តុលាការ​។ ​មាន​តែ​ស្ថាប័ន​តុលាការ​ទេ ដែលជា​អ្នក​ជម្រះ​សេចក្តីបាន​។ បើ​យើង​ប្រើ​មនោស​ញ្ចេតនា ប្រើ​អារម្មណ៍​មក​វាយ​តម្លៃ​សាច់​រឿងមួយ អ៊ីចឹង​គេចាំ​បាច់​មាន​តុលាការ​ធ្វើអ្វី​?»​។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​លីកា​ដូ​ លោក អំ សំអាត ​យល់​ឃើញ​ថា​ ការ​សម្រេច​របស់​តុលាការ​ដើម្បី​ឃុំខ្លួន​សកម្មជន​ចលនាមាតា​ធម្ម​ជាតិ អាចប៉ះពាល់​ដល់​ការ​ចូលរួម​របស់យុវជន​ ក្នុង​ការការពារ​បរិស្ថាន ​ការ​ចូលរួម​ការងារ​សង្គម ​ក៏ដូចជា​ការលើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​បន្ថែមថា ​កម្ពុជា​ក៏គួរ​តែ​ពិនិត្យ​ឡើងវិញ ​ទាក់ទង​អនុសាសន៍​នានា​អំពីការ​លើក​ក​ម្ពស់ និង​ការ​កែ​លម្អ​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​នៅកម្ពុជា ព្រោះកម្ពុជា ​ជា​រដ្ឋភាគី​មួយ ដែល​បា​នផ្តល់​សច្ចា​ប័ន​ផងដែរ​។

កន្លង​មក ​ការធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ꦇស​ក្នុងប្រទេស​ បានធ្វើ​ឱ្យ​កម្ពុជា ​បាត់បង់​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBAꦓ​២០​% និងGSP​របស់​សហរដ្ឋ​អាមេរិក។ នេះបើ​តាម​ លោក អំ សំអាត​។ ​

មន្ត្រីការពារ​សិទ្ធិ​មនុស្សរូបនេះ​ ​រំពឹងថាសាលា​ឧទ្ធរណ៍ ​នឹង​ផ្តល់​យុត្តិធម៌​សម្រាប់​សកម្មជន​ទាំងអស់​នោះ​ បើ​សិន​ពួក​គេ​ធ្វើ​ការ​ប្តឹង​ទាស់នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​។ ​

លោក​ប្រាប់​វីអូអេ​ថា៖ ​«នេះ​ជា​ការ​សម្រេច​របស់​សាលា​ដំបូងរាជ​ធានី​ភ្នំពេញ ទៅលើ​ការ​ផ្តន្ទាទោស​ ប៉ុន្តែ​អ្វី​ដែល​បន្ត ខ្ញុំ​គិត​ថានៅ​ពេល​ដែល​មានការ​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍។ ​សាលាឧទ្ធរណ៍​គួរតែ​ពិនិត្យ ​និង​ពិចារណា ​ការ​ផ្តល់​យុត្តិធម៌​សម្រាប់​អ្នកទាំង​អស់នោះ ដើម្បី​លើក​កម្ពស់ សិទ្ធិមនុស្ស​ និង​សេរីភាព ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ ស្របតាម​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ​»​។

ដោយ​ឡែក ទាក់ទងការ​ឃុំខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥នាក់​នោះ ​អ្នកនាំ​ពាក្យ​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​លោក នុត សវនា ​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា ​សកម្មជនទាំង​៥នាក់​នោះ​ ត្រូវ​បាន​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ផ្សេង​ៗគ្នា ​ដោយ​ក្នុងនោះ លោក ថុន រដ្ឋា ​យក​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំ​ង​ថ្លុង លោក លី ចាន់​តារ៉ាវុត ​ឃុំនៅ​ពន្ធនាគារ​ខេត្ត​កណ្តាល លោក យឹម លាងហ៊ី ​ឃុំនៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ កញ្ញា ភួន កែវ រស្មី ​ឃុំនៅ​ពន្ធនាគារ​ខេត្តពោធិ៍​សាត់ និង​កញ្ញា ឡុង គន្ធា ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​។

​បើតាម​ លោក នុត សវនា ការ​ឃុំខ្លួន​សកម្មជន​ទាំង​៥ ​នៅ​ពន្ធនាគារ​ផ្សេង​ៗគ្នា​បែប​នេះ គឺជា​ការងារ​បច្ចេកទេស ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​ការងារ​សន្តិ​សុខ​។ ​

​លោក​ថ្លែង​ថា​៖ ​«​ការងារ​បច្ចេស​ទេស​សន្តិសុខ​ដែលខ្ញុំ​លើក​ឡើងនេះ គឺ​ការធ្វើ​មនោគម​វិជ្ជា ការប្រើ​គំនិត ការ​ប្រើ​ពាក្យ​សម្តី​ជា​អាវុធ​ញុះ​ញង់ ​ជា​ឧបរណ៍​ញុះញង់ ដែលធ្វើ​ឱ្យមនុស្ស​ដទៃ គាត់​ស្តាប់​ហើយ​ គាត់​យកទៅ​ធ្វើរឿង​អ្វីផ្សេង​ៗ ដែល​បូករួម​អំពើ​ហិង្សាផង​ដែរ​។ អ៊ីចឹង​ ដើម្បី​ការពារ​កុំឱ្យ​ពួកគាត់​មាន​ការ​ប្រមូលផ្តុំ​ ដែល​អាច​ធ្វើសកម្មភាព​ញុះ​ញង់អី ជា​ទ្រង់ទ្រាយ​ធំ​អី​បាន​ អាហ្នឹង​បច្ចេក​ទេស​សន្តិ​សុខ​គឺ ត្រូវ​តែ​បំបែក​អ៊ីចឹង​ហើយ​។ ​អាហ្នឹង​ខាង​ភេរវ​កម្ម ក៏​យើង​ធ្វើ​បែប​ហ្នឹង​ដែរ​»។

ក្នុង​សំណុំ​រឿង​របស់​សកម្មជន​ចលនាមាតា​ធម្មជាតិ​ដដែលនេះ​ គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន​ដូចជា​ គណបក្ស​ឆន្ទៈខ្មែរ គណ​បក្ស​ភ្លើងទៀន ​គណ​បក្ស​កម្លាំង​ជាតិ​ គណ​បក្ស​ជំនាន់ថ្មី​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្សេង​ៗ​គ្នា ដោយបាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ផ្តន្ទា​ទោស​សកម្មជន​បរិស្ថាន​ទាំង​នោះ ​និង​បាន​ជំរុញ​រដ្ឋា​ភិបាល ​ឱ្យ​អនុវត្ត​ខ្ជាប់​នូវ​របប​លទ្ធិ​ប្រជាធិប​តេយ្យ​ ការ​គោរព​សិទ្ធិ​ ​និង​ស♈េរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ឱ្យ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG