12h bet

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​មើល​ឃើញ​ដំណើរ​ទស្សនកិច្ច​លោក ពូទីន ទៅ​កូរ៉េ​ខាង​ជើង​ជា​បញ្ហា​សម្រាប់​ចិន


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ចាប់ដៃគ្នាក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយ នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ចាប់ដៃគ្នាក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយ នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ —  ក្រុម​អ្នកវិភាគ​បា​ននិយាយ​ថា​ ប្រទេស​ចិន​ស្ថិត​នៅក្នុង​ជំហរ​ដ៏​ពិបាក​មួយ​ ដោយសារ​តែ​ទំនាក់​ទំនង​ដ៏​កក់ក្តៅ​រវាង​រុស្ស៊ី ​និង​កូរ៉េ​ខាងជើង​ ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយមួយ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ នាពេល​ថ្មីៗនេះ។ ការ​ចុះហត្ថ​លេខា​លើ​សន្ធិសញ្ញា​ដែល​ចែង​ថា​ ប្រសិន​បើ​ប្រទេស​ណាមួយ​ស្ថិតក្នុង​ស្ថានភាព​នៃ​សង្រ្គាម​ ប្រទេស​មួយ​ទៀត​នឹង​ផ្តល់​ជំនួយ​ផ្នែក​យោធា​នោះ​ បាន​ឈាន​ដល់​ដំណើរ​ទស្សនកិច្ច​ដែល​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ទូលំទូលាយ ​ដែល​ក្នុងនោះ​លោក​ ពូទីន​ ត្រូវបាន​ស្វាគមន៍​ដោយ​បដិសណ្ឋារកិច្ច​ដ៏អធិកអធម។ លោក ​ពូទីន ​បាន​ពណ៌នា​សន្ធិសញ្ញា​នេះ​ថា​ជា​ឯកសារ​សមិទ្ធផល​ជោគជ័យ​មួយ​ ដែល​នឹង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ដល់​កម្រិត​ថ្មីមួយ។ លោក Kim បាន​ហៅថា​នេះ​ជាសន្ធិសញ្ញា​ «​មាន​លក្ខណៈ​សន្តិភាព ​និង​ការពារ​»។ អត្ថបទ​មួយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ប្រទេស​ចិន Global Times បាន​ដក​ស្រង់​អ្នកវិភាគ​ចិន​ដោយ​និយាយ​ថា​ ការពង្រឹង​សម្ពន្ធភាព​រវាង​កូរ៉េ​ខាងជើង​និង​រុស្ស៉ី​គឺជា ​«ជម្រើស​សមហេតុផល» បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ​និង​សម្ពន្ធមិត្ត​បាន​ស្វះស្វែង​រកវិធី​ធ្វើឲ្យ​ឯកោ ​និង​គាប​សង្កត់​ប្រទេស​ទាំងពីរ​ជាយូរ​មក​ហើយ​នោះ។ ប៉ុន្តែ​លោក​ Kuo Yu-jen ​សាស្ត្រាចារ្យ​នៃការ​សិក្សា​អំពីប្រទេស​ចិន​ និង​អាស៊ីប៉ាស៊ីហ្វិក​នៅ​សកល​វិទ្យាល័យ​ National Sun Yat-sen ​នៅ​តៃវ៉ាន់​ ជឿជាក់​ថា ការ​ពិចារណា​ផ្សេងទៀត​របស់​លោក ​ពូទីន ​ក្នុង​ការ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងជើង​ ក្នុង​រយៈពេល​ជិត ​២៥ ឆ្នាំ ​គឺ​ជា​ការ​ប្រើប្រាស់​ទីក្រុង​ព្យុងយ៉ាង ​ដើម្បី​ទប់​ទល់​ប្រទេស​ចិន។ លោក Kuo បាន​និយាយ​ថា៖ «ការពឹង​ផ្អែក​ខាង​សេដ្ឋកិច្ច​របស់​លោក ​ពូទីន ​លើ​ចិន​កាន់​តែ​ស៊ី​ជម្រៅ​ ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ក្លាយ​ទៅជា​សង្រ្គាម​ពង្រិច​ពង្រិល​គ្នា។ ដូច្នេះ​ហើយ​លោក ពូទីន​ ត្រូវ​តែ​លេង​កាត​កូរ៉េ​ខាងជើង​ដើម្បី​ទប់​ចិន​ ដែល​ស្មើនឹង​ការ​និយាយ​ថា​រុស្ស៊ី​ និង​ចិន​ជា​ចំណាប់​ខ្មាំង​ទៅវិញ​ទៅមក។ កូរ៉េ​ខាងជើង​ដែល​បង្ក​បញ្ហា​នៅ​អាស៊ី​បូព៌ា​គឺ​ជា​រឿង​ដ៏​លំបាក​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង»​ ។ នៅពេល​ដែល​សង្រ្គាម​នៅ​អ៊ុយក្រែន​នៅតែ​បន្ត​ ការ​ពឹង​ផ្អែក​សេដ្ឋកិច្ច​របស់​រុស្ស៊ី​លើ​ប្រទេស​ចិន​កាន់តែ​ស៊ីជម្រៅ ​ហើយ​តួនាទី​របស់​ចិន​នៅក្នុង​សង្រ្គាម​កាន់​តែ​មាន​សារៈ​សំខាន់​បន្តិច​ម្តងៗ។ លោក ​ពូទីន​ បាន​ចាប់ផ្តើម​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កូរ៉េ​ខាងជើង ​ដើម្បី​បន្ធូរបន្ថយ​ការ​ពឹងផ្អែក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​លើ​ប្រទេស​ចិន។ កាល​ពី​ប្រាំបួន​ខែ​មុន លោក Kim បាន​ធ្វើ​ទស្សនកិច្ច​នៅ​ចុង​បូព៌ា​របស់​រុស្ស៊ី។ លោក ​Deng Yuwen ​អ្នក​អត្ថាធិប្បាយ​នយោបាយ ​និង​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​វិភាគ និង​យុទ្ធសាស្ត្រ​ចិន ​បាន​និយាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​ចិន​កាលពី​ថ្ងៃទី ​១៩ ​ខែ​មិថុនា​ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ ពូទីន​ ទៅកាន់​កូរ៉េ​ខាងជើង​ ក៏​ប្រហែល​ជា​ចង់​រំលឹក​ប្រទេស​ចិន​ថា​ចិន​មិនមែន​ជា​សម្ពន្ធមិត្ត​តែមួយ​គត់​របស់​រុស្ស៊ី​នោះ​ទេ។ លោក​ថា៖ «តាម​ទស្សនៈ​របស់​ចិន​ វាមាន​ការ​ដាស់តឿន​យ៉ាង​ជាក់លាក់​ចំពោះ​ប្រទេស​ចិន​ថា​ «ខ្ញុំមាន​មិត្ត​ផ្សេង​ទៀត»។ ចិន​តែងតែ​មាន​ចិត្តគំនិត​ជា​ចៅហ្វាយ​នៅ​ពេល​ខ្លួន​មាន​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី»។ លោក​ Kuo ​បាន​និយាយ​ថា ​នៅពេល​ដែល​រុស្ស៊ី ​និង​កូរ៉េ​ខាងជើង​កាន់​តែ​ខិត​ជិត​គ្នា​ ពួកគេ​នឹង​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ បំបែក​ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ចេញ​ពី​ប្រទេស​ចិន។ មិន​ដូច​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង ទីក្រុង​ប៉េកាំង​ហាក់​មាន​ចេតនា​បន្ថយ​សារៈសំខាន់​នៃដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃទី​ ១៨ ​ខែ​មិថុនា​ ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​ចិន ​លោក​ Lin Jian​ បាន​និយាយ​យ៉ាង​សាមញ្ញ​ថា​៖ «នេះ​គឺជា​ទំនាក់ទំនង​ទ្វេភាគី​រវាង​រុស្ស៊ី ​និង​កូរ៉េ​ខាងជើង»។ លោក Lin ​បាន​និយាយ​កាល​ពីថ្ងៃ​ទី ១៣ ​ខែ​មិថុនា​ថា​៖ «ប្រទេស​ចិន​ស្វាគមន៍​រុស្ស៊ី​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​ប្រទេស ​ដែល​ពួកគេ​មាន​មិត្តភាព​ប្រពៃណី​ជា​មួយ»៕

ប្រែសម្រួល​ដោយ​លោក​ សុខ ខេមរា​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG